ឃាត់ខ្លួន ប៉ូលីសផ្កាយពីរ ម្នាក់ និងបក្ខពួក៤នាក់ទៀត បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សមត្ថកិច្ចជាន់ខ្ពស់បានថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកឲ្យដឹងថា មានមន្ត្រីនគបាលថ្នាក់ឧត្តមសេនីយ៍ទោមួយរូប ត្រូវបានឃាត់ខ្លួន ជាមួយបក្ខពួក៤នាក់ផ្សេងទៀត ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងនោះរួមមាន មន្រ្តីថ្នាក់ផ្កាយ២ មួយរូប ឈ្មោះ វ៉ាន់ កុសល មានឋានៈជាអនុប្រធានមន្ទីរគ្រឿងញៀន។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសាលាដំបូងរាជធានីភ្នំពេញ គេបានឃើញរថយន្ត២គ្រឿង និងម៉ូតូជូនដំណើរចំនួន៣ទៅ៤គ្រឿង ជាកម្លាំងនាយកដ្ឋានប្រឆាំងចារកម្ម នៃក្រសួងមហាផ្ទៃ បានចាប់បញ្ជូនអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ និងមន្ត្រីនគរបាលក្រោមឱវាទចំនួន៤នាក់ទៀតបញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធ «គ្រឿងញៀន ។
អ្នកនាំពាក្យខាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា «សំណុំរឿងនឹងបានដល់ស្ថាប័នអយ្យការហើយ ប៉ុន្តែតាំងពីព្រឹករហូតមកដល់រសៀលថ្ងៃនេះ នៅមិនទាន់បានចាត់ទៅព្រះរាជអាជ្ញារងណាឲ្យបើកការស៊ើបសួរនៅឡើយទេ»។
តែបើតាមព័ត៌មានលេចឮមិនទាន់ផ្លូវការ បានលួចបង្ហើបប្រាប់ឲ្យដឹងថា «រយៈពេល២ទៅ៣ថ្ងៃមុននេះ នាយកដ្ឋានប្រឆាំងចារកម្ម បានឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងនោះរួមមាន ៖ មន្ត្រី និងអនុប្រធានការិយាល័យទី៨ នៃមន្ទីរប្រឆាំងគ្រឿងញៀនចំនួន៤នាក់ ពាក់ព័ន្ធករណីទទួលសំណូកពីជនបរទេស ( ករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ) រួចដោះលែងឲ្យមានសេរីភាពវិញ»។
បន្ទាប់ពីឃាត់ខ្លួនមន្ត្រីនគរបាល និងអនុប្រធានការិយាល័យមក សមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងចារកម្មបានឈានទៅឃាត់ខ្លួនលោកឧត្តមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងគ្រឿ.ងញៀ.នទទួល (ក៨) ម្នាក់ទៀត ។
ក្រោយពីឃាត់ខ្លួនមន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន៥ នាក់ ទើបសំណុំរឿងត្រូវបានទៅសាលាដំបូងរាជធានីភ្នំពេញ ព្រឹកមិញនេះ៕
Post a Comment