មនុស្ស៤នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព បន្ទាប់ពីសាឡង់ដឹកខ្សាច់មួយគ្រឿង បានលិចក្នុងសមុទ្រ
ខេត្តព្រះសីហនុ៖ មនុស្ស ៤នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព ខណៈសាឡ់ងដឹកខ្សាច់មួយគ្រឿង បានលិចក្នុងសមុទ្រ។
មេបញ្ជាការរង ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រលោក ស្វាយ សុន្ធី ប្រាប់ថា ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ មានករណីសាឡង់ដឹកខ្សាច់ ១គ្រឿង លេខ AG-15599 ពណ៌ខៀវ បានលិចនៅចំណុចខាងជើងឈាងខាងកើតកោះក្របី ខេត្តព្រះសីហនុ ដោយសារជួបខ្យល់ខ្លាំង និងរលកធំៗ នៅលើសាឡង់មានមនុស្សចំនួន ៤នាក់ ភេទប្រុស ត្រូវបានជួយសង្គ្រោះ ដោយទូកនេសាទនៅជិតកន្លែងកើតហេតុ ដោយសុវត្ថិភាព ។
សូមជម្រាបថា រយៈពេលពីរ បីថ្ងៃក្នុងសហ្តហ៍ទី៣ ខែមិថុនានេះ នៅខេត្ដព្រះសីហនុ ផ្ទៃមេឃអួរអាប់បង្កឱ្យមានភ្លៀងធ្លាក់រហូតលាយឡំនិងខ្យល់កន្ត្រាក់។
យោងសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសធាតុចាប់ពី ថ្ងៃទី២១ ដល់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងខេត្តព្រះសីហនុទទួលឥទ្ធិពលជ្រលងសម្ពាធទាបឥណ្ឌា បានកំពុងតែមានឥទ្ធិពល កម្រិតមធ្យម និងធ្វើឱ្យខ្យល់បក់ខ្លាំងពីឈូងសមុទ្រ។ អាស្រ័យដូចបានជម្រាបជូន សូមបងប្អូនប្រជានេសាទ បងប្អូនរស់នៅតាមបណ្តោយឆ្នេរសមុទ្រ បងប្អូនភ្ញៀវទេសចរ សូមមេត្តាយកចិត្តទុកដាក់ខ្ពស់ អំពីស្ថានភាពធាតុអាកាសដែលមានភ្លៀងធ្លាក់ខ្លាំង ព្រមទាំងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រមានកម្ពស់ជាមធ្យម ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ៕
Post a Comment