រដ្ឋមន្ត្រីការពារជាតិ សង្ឃឹមថា អាចនឹងរុករកឃេីញនៅថ្ងៃនេះ ចំពោះឧទ្ធម្ភាគចក្រដែលបានបាត់ដាននៅខេត្តពោធិ៍សាត់ ( មានវីដេអូ )
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ លេីកឡេីងថា ការរុករកឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង បានធ្វើឡើងនៅថ្ងៃទី២ហើយ សង្ឃឹមថា អាចនឹងរកឃើញនៅថ្ងៃនេះ។ បច្ចុប្បន្នខាងក្រុមគ្រួសារភិឡុត និងជំនួយការហ្វឹកហ្វឺនម្នាក់កំពុងរង់ចាំលទ្ធផលរុករកនេះ។
លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ថា ក្រសួងការពារជាតិ បាននិងកំពុងបញ្ជូនកងកម្លាំងចូលទៅរុករក ឧទ្ធម្ភាគចក្រចំនួន១គ្រឿង របស់ក្រសួងការពារជាតិ ដែលបាត់ការទាក់ទងពេលហ្វឹកហ្វឺន ឬបានចុះចតដោយសុវត្ថិភាព ប៉ុន្តែធ្វើការទាក់ទងគ្នាពុំបាន។ បច្ចុប្បន្នកម្លាំងជំនាញកំពុងរុករកធ្វើឡើងទាំងលើអាកាស និងថ្មើជើង។
លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានឱ្យដឹងដូចនេះ ក្នុងឱកាសខួប ៣១ឆ្នាំ នៃខួបកងរាជអាវុធហត្ថ ១៤កក្កដា ១៩៩៣- ១៤កក្កដា ២០២៤។ លោកបានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះក្រសួងការពារជាតិបានចេញសេចក្តីប្រកាសព័ត៌មានតែមួយគត់ឱ្យសាធារណៈជន។ ឧទ្ធម្ភាគចក្ររបស់ក្រសួងការពារជាតិ ចេញហោះហើរហ្វឹកហ្វឺនជារៀងរាល់ថ្ងៃ រយៈពេលខ្លី ឬរយៈពេលចំងាយឆ្ងាយ។ ឧទ្ធម្ភាគចក្រដែលបាត់ការទំនាក់ទំនងនេះ មានគោលដៅហ្វឹកហ្វឺនពីភ្នំពេញទៅថ្មដា ពីថ្មដា-ទៅភ្នំពេញ។
លោកឧបនាយករដ្ឋមន្ត្រី ពុំទាន់សន្និដ្ឋានយ៉ាងណានៅឡើយទេ ប៉ុន្តែក្នុងបេសកកម្មហ្វឹកហ្វឺន មានភីឡុតម្នាក់និងជំនួយការហ្វឹកហ្វឺនម្នាក់ (សរុប២នាក់) ជាអកុសលជួប បញ្ហាអាកាសធាតុមិនអំណោយផល ហើយបាត់ការទាក់ទងគ្នា។ ឥឡូវនេះកម្លាំងគ្រប់ជំនាញកំពុងចុះរករកទៅក្នុងតំបន់សញ្ញា ដែលបាត់ការទំនាក់ ទំនងជាមួយទ័ពអាកាស៕
Post a Comment