អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ទីបំផុត ! ព្រែកជីកជាប្រវត្តិសាស្ត្រ ហ្វូណនតេជោ តម្លៃ១,៧០០លានដុល្លារបានបើកដំណើរការសាងសង់ជាផ្លូវការហើយ - Read News TV

ទីបំផុត ! ព្រែកជីកជាប្រវត្តិសាស្ត្រ ហ្វូណនតេជោ តម្លៃ១,៧០០លានដុល្លារបានបើកដំណើរការសាងសង់ជាផ្លូវការហើយ

កណ្តាល៖ ព្រែកជីកហ្វូណនតេជោ មានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ដែលគ្រោងចាយទុនប្រមាណ១,៧០០ លានដុល្លារអាមេរិក និងប្រើរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ ត្រូវបានសម្គោធបើកការដ្ឋានសាងសង់ ជាផ្លូវការហើយនៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ។ ការសម្គោធបើកការដ្ឋានសាងសង់ជាផ្លូវ ការនេះ បានធ្វើឡើងក្រោមធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមន្នី ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុង អនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។

គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឡើងដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់សក្តានុពលលើការ ដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គមឱ្យកាន់តែមានការរីកចម្រើន ឈានទៅមុខមួយកម្រិតថែមទៀត និងផ្តល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈម និងឧបសគ្គ នានា នៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកដែលបាននិងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។

តាមការសិក្សាបានបង្ហាញថាផ្លូវទឹកព្រែកជីកហ្វូណនតេជោ មានប្រវែង១៨០គីឡូម៉ែត្រចាប់ពី ព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក។

ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ៨០ ម៉ែត្រ និងជម្រៅទឹកប្រមាណ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។ គម្រោងនេះ នឹងសាងសង់សន្ទះ ផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពានចំនួន១១កន្លែង សាងសង់ផ្លូវអមសាង ខាងប្រវែង២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ ទន្លេផ្សេងៗទៀតផងដែរ។ 

គម្រោងព្រែកជីកហ្វូណនតេជោនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមានដូចជា ទី១ ការកាត់បន្ថយរយៈ ពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន, ទី២ ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈ មណ្ឌលភស្តុភារកម្ម, ទី៣ ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ទី៤ ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ទី៥ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា និងទី៦ ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែ ផេ្សងទៀត ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ ៕















Theme images by Radius Images. Powered by Blogger.