អគ្គនាយកដ្ឋានធនធានរ៉ែចេញលិខិតផ្អាកដំណើរការប្រតិបត្តិការធនធានរ៉ែជាបណ្ដោះអាសន្នរបស់ក្រុមហ៊ុនរ៉ែមាស «សឹងយន្តគ័ងយិក» ក្រោយកើតឧបទ្ទវហេតុបង្កអោយមនុស្សម្នាក់រង់របួសធ្ងន់និងបានស្លាប់
ខេត្តក្រចេះ ៖ អគ្គនាយកដ្ឋានធនធានរ៉ែបានចេញលិខិតផ្អាកដំណើរការប្រតិបត្តិការធនធានរ៉ែជាបណ្ដោះអាសន្នរបស់ក្រុមហ៊ុនរ៉ែមាស «សឹងយន្តគ័ងយិក» ក្រោយកើតមានឧបទ្ទវហេតុបង្កអោយមនុស្សម្នាក់រង់របួសធ្ងន់និងបានស្លាប់បន្ទាប់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ។
យោងតាមប្រភពព័ត៌មានអោយដឹងថា បន្ទាប់កើតហេតុភ្លាមៗតាមរយៈការរាយការណ៍របស់ក្រុមមន្ត្រីប្រចាំការ និងការបញ្ជាក់បន្ថែមពីប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ នៅការដ្ឋានរបស់ក្រុមហ៊ុន «សឹងយន្តគ័ងយិក» កើតមានឧបទ្ទវហេតុក្នុងអណ្តូងរ៉ែទី១ បណ្តាលឱ្យកម្មករម្នាក់រងរបួសធ្ងន់ និងបានស្លាប់នៅពេលដឹកទៅដល់មន្ទីរពេទ្យ ។
អគ្គនាយកដ្ឋាន ធនធានរ៉ែបានចេញលិខិតឱ្យក្រុមហ៊ុនផ្អាកប្រតិបត្តិការធនធានរ៉ែក្នុងអណ្តូងរ៉ែទី១ ជាបណ្តោះអាសន្នក្នុងអំឡុងពេលរង់ចាំការចុះពិនិត្យ វាយតម្លៃ និងការចាត់វិធានការចំពោះឧបទ្ទវហេតុនេះ លើកលែងតែសកម្មភាពបូមទឹកចេញពីអណ្តូង។
គួរបញ្ជាក់ថា ឧបទ្ទវហេតុបាក់ថ្មធ្លាក់សង្កត់កម្មករម្នាក់ស្លាប់បានកើតឡើងក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូគ្រៀងសែនជ័យ ខេត្តក្រចេះ ។ តាមការបញ្ជាក់ពីសមត្ថកិច្ចកម្មកររ៉ែមាសម្នាក់ ឈ្មោះ ផុន សារ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ រស់នៅភូមិព្រែកទ្រព្យ ឃុំជលសា ស្រុកជលគីរី ខេត្ដកំពង់ឆ្នាំង រងរបួសធ្ងន់ និងបានស្លាប់នៅពេលដឹកទៅដល់មន្ទីរពេទ្យ។
ជុំវិញករណីនេះ លោក រ័ត្ន តុលា ប្រធានស្ដីទី មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ថា ចំពោះក្រុមហ៊ុន និងក្រុមហ៊ុនធានារ៉ាប់រង កំពុងតែចរចា ដើម្បីជូនប្រាក់ឧបត្ថម្ភដល់កម្មករ ដែលបានស្លាប់បាត់បង់ជីវិត ក្នុងពេលបំពេញការងារជាមួយក្រុមហ៊ុន។
លោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុនខាងលើ មានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ (លើកទី៣) លេខ ០០០៥ រថ.អធរ.អប ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ របស់ក្រសួងរ៉ែ និងថាមពល ៕
Post a Comment