សិង្ហបុរី ចាប់ខ្លួនមនុស្ស ៣៥ នាក់ដោយសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងការក្លែងបន្លំអត្តសញ្ញាណជាមន្ត្រីរដ្ឋាភិបាល
សិង្ហបុរី៖ កងកម្លាំងនគរបាលជាតិសិង្ហបុរី (SPF) បានរៀបចំប្រតិបត្តិការប្រឆាំងនឹងការឆបោកនៅទូទាំងដែនកោះ ដោយចាប់ខ្លួនមនុស្សចំនួន ៣៥ នាក់ដែលសង្ស័យថា ពួកគេមានជាប់ពាក់ព័ន្ធក្នុងករណីក្លែងបន្លំខ្លួនជាមន្ត្រីរដ្ឋាភិបាលនាពេលថ្មីៗនេះ ។
នៅថ្ងៃសុក្រសប្តាហ៍នេះ កងកម្លាំងនគរបាលជាតិសិង្ហបុរី (SPF) បានបញ្ជាក់ថា ជនសង្ស័យទាំង ៣៥ នាក់ រួមមាន បុរស ២៦នាក់ និងស្ត្រី ៩នាក់ មានអាយុចន្លោះពី ១៧ឆ្នាំ រហូតដល់ ៤៧ឆ្នាំ ។ ម្នាក់ក្នុងចំណោមជនសង្ស័យទាំងអស់ បានប្រើប្រាស់គណនីធនាគារផ្ទាល់ខ្លួន ឬឯកសារធនាគារតាមអ៊ីនធើណិត ដើម្បីជួយសម្រួលដល់ការបោកប្រាស់ ។
មន្ត្រីនិយាយថា ខណៈនេះ មនុស្ស ២៣ នាក់ផ្សេងទៀត ដែលមានបុរស ១៣នាក់ និងស្ត្រី ១០នាក់ ដោយមានអាយុចន្លោះពី ១៦ឆ្នាំ ដល់ ៦១ឆ្នាំ ក៏ជាផ្នែកមួយកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតផងដែរ ។
កាលពីថ្ងៃព្រហស្បតិ៍ ទាំងមន្ត្រីនគរបាល និងមន្ត្រីហិរញ្ញវត្ថុសិង្ហបុរី អះអាងថា ក្នុងខែកញ្ញា អាជ្ញាធរទទួលបានការរាយការណ៍យ៉ាងហោចណាស់ ១០០ ករណី ដែលបញ្ជាក់ថា ទឹកប្រាក់ប្រហែល ៦.៧ លានដុល្លារសិង្ហបុរី (៥.១លានដុល្លារអាម៉េរិក) ត្រូវជនសង្ស័យដែលបន្លំខ្លួនជាមន្ត្រីរដ្ឋាភិបាល បានបោកប្រាស់ពីជនរងគ្រោះ ។
នៅក្នុងផែនការបោកប្រាស់នោះ ជនសង្ស័យខ្លះ បានបន្លំខ្លួនជាមន្ត្រីធនាគារ រួចទូរសព្ទទៅកាន់ជនរងគ្រោះ តាមរយៈកម្មវិធីផ្ញើសារ WhatsApp ដោយឆបោកថា ប្រតិបត្តិការហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ជនរងគ្រោះ មានជាប់ពាក់ព័ន្ធនឹងលុយកខ្វក់ ដែលតម្រូវឱ្យជនរងគ្រោះ បញ្ជាក់ពីប្រតិបត្តិការហិរញ្ញវត្ថុទាំងនោះ បើជនរងគ្រោះបដិសេធ នោះជនឆបោក នឹងផ្ទេរទូរសព្ទទៅកាន់ជនឆបោកបន្ទាប់ដែលក្លែងអត្តសញ្ញាណជាមន្ត្រីនគរបាល ឬមន្ត្រីហិរញ្ញវត្ថុ។ ពេលខ្លះ មានទាំងទូរសព្ទជាវីដេអូ ទៅកាន់ជនរងគ្រោះ ដើម្បីបង្ហាញថា ជនឆបោក គឺជាមន្ត្រីដែលមានទាំងឯកសណ្ឋានជាអ្នកអនុវត្តច្បាប់ត្រឹមត្រូវថែមទៀតផង ។
"ក្នុងករណីខ្លះ ជនឆបោក បានប្រើប្រាស់ប័ណ្ណធានាក្លែងក្លាយ ឬឯកសារផ្លូវការក្លែងក្លាយ ដើម្បីផ្តល់ទំនុកចិត្តដល់ជនរងគ្រោះ សម្រាប់សម្រួលដល់ការបោកប្រាស់របស់ពួកគេ" ។ ក្នុងដំណើរការនេះ ជនឆបោក ព្យាយាមបំភ័យថា ជនរងគ្រោះ មានជាប់ពាក់ព័ន្ធក្នុងសកម្មភាពឧក្រិដ្ឋកម្ម ដូចជា ការលាងលុយកខ្វក់ និងតម្រូវឱ្យជនរងគ្រោះផ្ទេរប្រាក់ទៅ «គណនីធនាគារសុវត្ថភាព» ដែលកំណត់ដោយរដ្ឋាភិបាល ដើម្បីជួយសម្រួលក្នុងការស៊ើបអង្កេត ។
ជាចុងក្រោយ ជនរងគ្រោះ បានដឹងថា ពួកគេចាញ់បោកជនឆបោកដែលបន្លំអត្តសញ្ញាណជាមន្ត្រី នៅពេលមិនអាចទាក់ទងបាន ឬនៅពេលជនរងគ្រោះ ទៅផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ជនឆបោក ជាមួយមន្ត្រីធនាគារ ឬមន្ត្រីនគរបាលពិតប្រាកដ ។
មន្ត្រីនគរបាលជាតិសិង្ហបុរី ព្រមានថា មន្ត្រីនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនបោកប្រាស់ឡើយ ដោយជនឆបោក អាចនឹងជាប់ពន្ធនាគារយ៉ាងហោចណាស់ ៦ ខែ ប៉ុន្តែតុលាការក៏មានឆន្ទានុសិទ្ធិក្នុងការបង្កើនការកាត់ទោសបន្ថែមផងដែរ ប្រសិនបើមានកត្តាធ្វើឱ្យមានស្ថានទម្ងន់ទោស ៕
Post a Comment