អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ហាមឃាត់​ ការ​ទទួលទាន ការ​ចែកចាយ ការ​តាំង​លក់ និង​ការ​ផ្សព្វផ្សាយ​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់​ប្រភេទ ជុំវិញ​ជាប់​បរិវេណសាលារៀនគ្រប់កន្លែង - Read News TV

ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ហាមឃាត់​ ការ​ទទួលទាន ការ​ចែកចាយ ការ​តាំង​លក់ និង​ការ​ផ្សព្វផ្សាយ​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់​ប្រភេទ ជុំវិញ​ជាប់​បរិវេណសាលារៀនគ្រប់កន្លែង

​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ហាមឃាត់​យ៉ាង​ដាច់ខាត ការ​ទទួលទាន ការ​ចែកចាយ ការ​តាំង​លក់ និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ផលិតផល​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់​ប្រភេទ នៅ​ក្នុង និង​ជុំវិញ​ជាប់​បរិវេណ​គ្រឹះស្ថានសិក្សា ចំណេះ​ទូទៅ​សាធារណៈ និង​ឯកជន និង​គ្រឹះស្ថាន​អប់រំ​បច្ចេកទេស ។

យោង​តាម​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៤ បាន​លើក​ឡើង​ថា កន្លង​មក ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តីណែនាំ​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​ការ​លើក កម្ពស់​សុខភាព អនាម័យ និង​សុវត្ថិភាព​ចំណីអាហារ​តាម​សាលារៀន នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន និង​សេចក្តីណែនាំ​ស្តី​ពី ការ​ពង្រឹង​វិធានការ​អនុវត្ត​ក្នុង​ការ​លើកកម្ពស់​សុវត្ថិភាព និង​សុខុមាលភាព​ចំណី អាហារ​នៅ​តាម​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ និង​ឯកជន​។ ទន្ទឹម​នឹង​នេះ ក្រសួង​ក៏​សង្កេត​ឃើញ​ការ អនុវត្ត​នៅ​មិន​ទាន់​បាន​គ្រប់​ជ្រុងជ្រោយ​តាម​សេចក្តីណែនាំ​នៅឡើយ ។

ក្នុង​ស្មារតី​ខាងលើ និង​យោង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ឱ្យ​យកចិត្តទុកដាក់​បន្ថែម​លើ​សុខភាព របស់​សិស្ស រួម​ទាំង​ការ​បង្ការ​ហានិភ័យ​នៃ​ជំងឺមិនឆ្លង ជា​ពិសេស​ជំងឺ​ទឹកនោមផ្អែម ដែល​ពាក់ព័ន្ធ​នឹង​ទម្លាប់ ទទួលទាន​ចំណីអាហារ ភេសជ្ជៈ​ផ្អែម និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​ហាមឃាត់ ការ​ទទួលទាន ការ​ចែកចាយ ការ​តាំង​លក់ និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់ ប្រភេទ នៅ​ក្នុង និង​ជុំវិញ​ជាប់​បរិវេណ​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ​និង​ឯកជន និង​គ្រឹះស្ថាន​អប់រំ បច្ចេកទេស ។

ក្នុង​ន័យ​នេះ មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត ការិយាល័យ​អប់រំ យុវជន និង​កីឡា​នៃ រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និង​គ្រប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន និង​គ្រឹះស្ថាន​អប់រំ​បច្ចេកទេស​នៅ ទូ​ទាំង​ប្រទេស ត្រូវ​អនុវត្ត​ដូច​ខាងក្រោម ៖

១- ត្រូវ​ហាមឃាត់​ដាច់ខាត​ នូវ​ការ​ទទួលទាន ការ​ចែកចាយ ការ​តាំង​លក់ និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ផលិតផល​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់​ប្រភេទ នៅ​ក្នុង និង​ជុំវិញ​ជាប់​បរិវេណ​គ្រឹះស្ថានសិក្សា​ ។

២- ត្រូវ​អនុវត្ត​ឱ្យ​បាន​ម៉ឺង​មាត់​ នូវ​បទ​ប្បញ្ញត្តិ​នានា ដែល​ពាក់ព័ន្ធ​នឹង​ការ​លើកកម្ពស់​សុវត្ថិភាព​ចំណី អាហារ និង​អាហារ​ប្រកបដោយ​សុខភាព​នៅ​តាម​គ្រឹះស្ថានសិក្សា ដែល​ក្រសួង​បាន​ណែនាំ​កន្លង​មក ​។

៣- ត្រូវ​ដាក់​បញ្ចូល​បន្ថែម​ក្នុង​បទបញ្ជាផ្ទៃក្នុង ឬ​ក្រម​ប្រតិបត្តិ​របស់​គ្រឹះស្ថានសិក្សា​ស្តី​ពី ការ​ហាមឃាត់ ការ​ទទួលទាន ការ​ចែកចាយ ការ​តាំង​លក់ និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ភេសជ្ជៈ ប៉ូវ​កម្លាំង​គ្រប់​ប្រភេទ នៅ​ក្នុង និង​ជុំវិញ​ជាប់​បរិវេណ​គ្រឹះស្ថានសិក្សា​ ។

៤- ត្រូវ​អប់រំ ក្រើនរំឭក និង​ផ្សព្វផ្សាយ​អំពី​ផល​ប៉ះពាល់ ​នៃ​ការ​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង នៅ​ពេល គោរព​ទង់ជាតិ កិច្ចប្រជុំ ឬ​កម្មវិធី​ប្រមូលផ្តុំ​ផ្សេង​ៗ​របស់​គ្រឹះស្ថានសិក្សា​ ។

៥- ត្រូវ​ចលនា​អ្នក​សិក្សា និង​បុគ្គលិក​អប់រំ ឱ្យ​ចូលរួម​ក្នុង​ការ​ផលិត​ស្លាក​សញ្ញា ឬ​សារ​អប់រំ​ ។

៦- ត្រូវ​ពិនិត្យ​តាមដាន​រាល់​សកម្មភាព​នៃ​ការ​ទទួលទាន ការ​ចែកចាយ ការ​តាំង​លក់ ការ​ផ្សព្វផ្សាយ ពាណិជ្ជកម្ម​គ្រប់​ប្រភេទ នៅ​ក្នុង និង​ជុំវិញ​បរិវេណ​គ្រឹះស្ថានសិក្សា ដើម្បី​មាន​វិធានការ​ដោះស្រាយ តាម​ស្ថានភាព​ជាក់ស្តែង ដូច​ជា បញ្ឈប់​ការ​ទទួលទាន ការ​ចែកចាយ ការ​តាំង​លក់ ការ​ផ្សព្វផ្សាយ ពាណិជ្ជកម្ម និង​ការ​ដកហូត​ភេសជ្ជៈ​ប៉ូវ​កម្លាំង គ្រប់​ប្រភេទ​នៅ​នឹង​កន្លែង និង​បញ្ឈប់​កិច្ចសន្យា លក់ដូរ​ ។

៧- ត្រូវ​សហការ​ជាមួយ​ស្ថាប័ន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តាម​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ដើម្បី​ចូលរួម​អនុវត្ត​សេចក្តីណែនាំ​នេះ​សំដៅ​ធ្វើ​ឱ្យ “​គ្រឹះស្ថានសិក្សា គ្មាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​” ​។

ក្រសួង​បាន​សង្ឃឹមថា មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត ការិយាល័យ​អប់រំ យុវជន និង កីឡា នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ​និង​ឯកជន និង គ្រឹះស្ថាន​អប់រំ​បច្ចេកទេស​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​សេចក្តីណែនាំ​នេះ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ៕​








Theme images by Radius Images. Powered by Blogger.