សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចផ្លូវការនៅបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និងអាស៊ីខាងលិច រយៈពេល ១សប្តាហ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤នេះ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅទស្សនកិច្ចផ្លូវការនៅបណ្តាប្រទេសមជ្ឈិមបូព៌ា ដែលមានដូចជាព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយ៉េ និងអេមីរ៉ាតអារ៉ាប់រួម រយៈពេលមួយសប្ដាហ៍ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។
ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោនាព្រឹកនេះមានការអមដំណើរពីលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ទេសរដ្ឋមន្ត្រី ថ្នាក់ដឹកនាំសំខាន់ៗនៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជា។
បើតាមគម្រោងពេលអញ្ជើញដល់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្ដេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយលោកបណ្ឌិត អាប់ឌុលឡា មហាម៉េដ អ៊ីប្រាហ៊ីម អាល់សេក្ខ ប្រធានសភាអារ៉ាប៊ីសាអូឌីត។
បន្ទាប់ពីជំនួបនេះសម្ដេចតេជោក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយព្រះអង្គម្ចាស់មហាម៉េដ ប៊ីន សាលម៉ាន ប៊ីន អាប់ឌុលឡាហ្ស៊ីស អាល់សូដ នាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត។ ក្រោយបញ្ចប់ការគួរសមជាមួយព្រះអង្គម្ចាស់រួច សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅកាន់រដ្ឋកាតា។
នៅរដ្ឋកាតាសម្ដេចតេជោប្រធានព្រឹទ្ធសភានឹងមានជំនួបទ្វេភាគីជាមួយលោក ហាសសាន អាប់ឌុលឡា អាល់ហ្កានីម ប្រធានសភានៃរដ្ឋកាតា និងលោក សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាស់ស៊ីម អាលថានី នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា។ ក្រៅពីជំនួបនេះ សម្ដេចតេជោក៏នឹងអញ្ជើញទស្សនកិច្ចនៅវិមានអភិបាលកិច្ច និងផ្សារបុរាណផងដែរ។
បន្ទាប់ពីបញ្ចប់ជំនួបទាំងនេះរួច សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចាកចេញពីរដ្ឋកាតាឆ្ពោះទៅកាន់សាធារណរដ្ឋតួកគីយ៉េ។ ក្រោយទៅដល់ទីនោះសម្ដេចតេជោ ក៏នឹងមានជំនួបទ្វេភាគីជាមួយលោកសាស្ត្រាចារ្យបណ្ឌិត នូម៉ង់ គ័រទុលមុស ប្រធានរដ្ឋសភាតួកគីយេ។
ហើយសម្ដេចក៏នឹងបន្តពិភាក្សាការងារជាមួយលោក រេជីប ថាយយ៉ីប អ៊ែរដ៏រ៉ាន់ ប្រធានាធិបតីតួកគីយ៉េ។
ក្រោយបញ្ចប់ទស្សនកិច្ចនៅសាធារណរដ្ឋតួកគីយ៉េ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅកាន់អេមីរ៉ាតអារ៉ាប់រួម។
នៅអេមីរ៉ាតអារ៉ាប់រួម សម្ដេចតេជោនឹងមានជំនួបជាមួយលោក សាឃើរ ហ្គោបាហ្ស៍ ប្រធានសភានៃអេមីរ៉ាតអារ៉ាប់រួម និងថ្វាយសវនាការសម្ដែងការគួរសមជាមួយព្រះអង្គម្ចាស់សេក្ខ មហាម៉េដ ពិន ហ្សេយីត អាល ណាហីយ៉ាន ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម។
សូមជម្រាបដែរថា ទស្សនកិច្ចផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅបណ្តាប្រទេសជាមិត្តខាងលើជាការបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់ និងតួនាទីកាន់តែសកម្មនៃការទូតសភា ដែលជាអាទិភាពមួយនៃអាទិភាពទាំងពីររបស់ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងការរួមចំណែកដល់ការពង្រឹងនិងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសជាមិត្ត ដើម្បីជាគុណប្រយោជន៍ដល់ប្រជាជន ការអភិវឌ្ឍប្រទេសជាតិរីកចម្រើន និងដើម្បីសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក។
សូមបញ្ជាក់ជូនដែរថា នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ ដោយជើងហោះហើរពិសេសរបស់សម្ដេចតេជោនឹងមកដល់មាតុប្រទេសនៅម៉ោង១អធ្រាត្រ ថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២៤៕
Post a Comment