អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ក្រសួងយុត្តិធម៌ ប្រកាសថា មានឧក្រិដ្ឋជនឆបោក បង្កើតតេឡេក្រាម ដាក់រូបលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដើម្បីបំភាន់ អូសទាញ និងឆបោកសាធារណជនឱ្យចូលរួមក្នុងការវិនិយោគខុសច្បាប់ - Read News TV

ក្រសួងយុត្តិធម៌ ប្រកាសថា មានឧក្រិដ្ឋជនឆបោក បង្កើតតេឡេក្រាម ដាក់រូបលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដើម្បីបំភាន់ អូសទាញ និងឆបោកសាធារណជនឱ្យចូលរួមក្នុងការវិនិយោគខុសច្បាប់

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ ប្រកាសឱ្យដឹងថា ថ្មីៗនេះ មានឧក្រិដ្ឋជនឆបោក បានបង្កើតគណនីតេឡេក្រាម (Telegram Account) ក្លែងបន្លំ ដែលមានឈ្មោះថា “MEUKKIMSROEUN7” ដោយប្រើប្រាស់រូបភាពរបស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីចែករំលែកព័ត៌មានពាក់ព័ន្ធនឹងការវិនិយោគខុសច្បាប់ទៅក្នុងក្រុមតេឡេក្រាមនានា រួមមាន ក្រុមដែលមានឈ្មោះថា “CEO MASTERS CLUB IN” ដើម្បីបំភាន់ អូសទាញ និងឆបោកសាធារណជនឱ្យចូលរួមក្នុងការវិនិយោគខុសច្បាប់ដែលអាចនាំឱ្យខាតបង់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។


ក្រសួងយុត្តិធម៌ បញ្ជាក់ថា សកម្មភាពដែលកំពុងតែធ្វើឡើងដោយគណនីតេឡេក្រាមខាងលើនេះ មិនមានការពាក់ព័ន្ធជាមួយលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ឬ ក្រសួងយុត្តិធម៌ នោះទេ។ ទន្ទឹមនេះ, ប្រសិនបើមានគណនីតេឡេក្រាម ឬក្រុមតេឡេក្រាមផ្សេងទៀតណាដែលប្រើប្រាស់រូបថត ឬឈ្មោះរបស់លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ហើយធ្វើសកម្មភាពបែបនេះ ក៏ពុំមែនជាគណនីរបស់លោកឧបនាយករដ្ឋមន្ត្រី នោះដែរ។

ក្រសួងយុត្តិធម៌ សូមអំពាវនាវដល់ក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច សូមធ្វើការស្រាវជ្រាវស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះករណីបែបនេះ និង សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចកលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដូចករណីខាងលើនេះ ដើម្បីចៀសវាងកុំឱ្យចាញ់បោកធ្វើឱ្យខាតបង់នូវទ្រព្យធនជាយថាហេតុ៕

Theme images by Radius Images. Powered by Blogger.