ព្រះមហាក្សត្រ កោតសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ និងគ្រប់ទិសទីទាំងរាជធានី-ខេត្ត
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ កោតសរសើរចំពោះការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា ដែលបានដឹកនាំកម្ពុជាប្រកបដោយភាពប៉ិនប្រសប់ ឈ្លាសវៃ និងដ៏ឆ្នើម ធ្វើឲ្យប្រទេសជាតិ នាពេលបច្ចុប្បន្ន មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ និងគ្រប់ទិសទីទាំងរាជធានី-ខេត្ត រហូតដល់និគមជនបទជាដើម។
ព្រះមហាក្សត្រ នៃកម្ពុជា មានព្រះរាជបន្ទូលយ៉ាងដូច្នេះ ក្នុងព្រះរាជពិធីសម្ពោធប៉ុស្ដិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រសីហមុនី និងពិធីអបអរសាទរខួបឆ្នាំទី២០ នៃការបង្កើតពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងខួបឆ្នាំទី៣៣ នៃគណៈសង្ឃធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ តាងនាមព្រះប្រធានប៉ុស្ដិ៍សុខភាព សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានព្រះរាជបន្ទូលថា ប៉ុស្ដិ៍សុខភាពនេះគឺសម្រាប់ប្រើប្រាស់ទូទៅដល់សាមណនិស្សិត-និស្សិត នៃពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជា និងព្រះសង្ឃ ប្រជាពលរដ្ឋទូទៅដោយព្យាបាលមិនគិតថ្លៃ។
សូមជម្រាបជូនថា ប៉ុស្ដិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រសីហមុនី ជាព្រះរាជទាននាមដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជកិច្ចដឹកនាំស្ថាបនិកដោយផ្ទាល់របស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាព ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និង ផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងការលើកកម្ពស់វិស័យអប់រំ និងសុខភាពសាធារណៈ ដើម្បីលើកតម្កើងនូវឧត្តមភាពជាតិ សាសនា ព្រះមហាក្សត្រ ក្នុងម្លប់តេជោសន្តិភាព និងវឌ្ឍនភាព៕
Post a Comment