សម្ថកិច្ចកំពុងតាមប្រម៉ាញ់ ជនសង្ស័យបែកថ្នាំសម្លាប់យាយអាយុ៧៧ឆ្នាំកំពុងបាត់ដាននៅតំបន់ភ្នំតាគ្រាម
ខេត្តបាត់ដំបង ៖ រយៈពេល០៤យប់០៤ថ្ងៃកន្លងមកហើយ ដែលកម្លាំងសមត្ថកិច្ចរាប់សិបនាក់ តាមចាប់ខ្លួនឃាតកដែលបានកាប់សម្លាប់ស្ត្រីវ័យ៧៧ឆ្នាំម្នាក់យ៉ាងសាហាវឃោឃៅ កាលពីសប្ដាហ៏មុន នៅក្នុងក្រុងបាត់ដំបង តែមិនទាន់ទទូលបានលទ្ធផល ហើយពេលនេះ ឃាតកដែលគេអះអាងថា ជាជនបែកថ្នាំផងនោះ បានបាត់ដាននៅតំបន់ជួរ«ភ្នំតាគ្រាម» ស្រុលបាណន់ ដែលធ្វើឲ្យមានក្ដីបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ។
គេមិនទាន់ប្រាប់ពីអត្តសញ្ញាណឃាតករដៃឆៅម្នាក់នោះទេ តែគេគ្រាន់តែនិយាយថា ជននោះជាមនុស្សបែកថ្នាំជិះកង់ មានភិនភាគពាក់អាវយឺត ពណ៌ក្រហម ដែលមានរុំបិទបាំងមុខផង ហើយបានប្រើប្រាស់កាំបិតកាប់ស្ត្រីវ័យ៧៧ឆ្នាំស្លាប់យ៉ាងរន្ធត់ កាលពីរសៀលថ្ងៃទី ០៦ កក្កដា ពេលជនរងគ្រោះកំពុងដើរលើដងផ្លូវក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ។ ក្រោយសម្លាប់មនុស្ស ជននេះបានព្យាយាមជិះកង់រត់គេចខ្លួនរហូតមកដល់ថ្ងៃនេះ ។
ស្នងការរងទទូលដឹកនាំការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តដែលដឹកនាំកម្លាំងចុះកិច្ចប្រតិបត្តិការនេះផ្ទាល់ក្នុងរយៈប៉ុន្មានថ្ងៃកន្លងទៅនេះ លោកឈឿង គឹមសុង បានប្រាប់ថា កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កម្លាំងអធិការក្រុងបាត់ដំបង និងកម្លាំងអធិការស្រុកបាណន់ រួមទាំងកម្លាំងប្រជាការពាររាប់សិបនាក់ផង បានសហការគ្នាតាមប្រម៉ាញ់ជនដៃដល់រូបនេះយ៉ាងប៉ផាប់ចាប់ពភីងទាំងយប់ទាំងថ្ងៃក្រោយពីជននេះសម្លាប់មនុស្ស ។ លោកស្នងការរងរូបនេះបាននិយាយថា ដំបូងជននេះបានជិះកង់ តែគេបានទម្លាក់កង់ចោល ហើយបានគេចខ្លួនឆ្ពោះទៅទិសខាងលិចនៅតំបន់ជួរ«ភ្នំតាគ្រាម» ដើម្បីលាក់ខ្លួននៅតំបន់នោះ ។
កម្លាំងសមត្ថកិច្ច បូករួមទាំងកម្លាំងប្រជាការពារនៅក្នុងមូលដ្ឋានរាប់រយនាក់ផង បាននិងកំពុងឡោមព័ទ្ធតំបន់នោះទាំងយប់ទាំងថ្ងៃ ។ ប៉ុន្តែគិតត្រិមថ្ងៃទី ១០ កក្កដា មុខសញ្ញាឃាតករដៃឆៅដ៏សាហាវឃោរឃៅម្នាក់នេះ ហាក់បាត់ដាននៅតំបន់ជួរភ្នំតាគ្រាមនេះតែម្ដង តែកម្លាំងសមត្ថកិច្ចកំពុងរុករកនៅឡើយ ។
បើនិយាយពីប្រវត្តិជនបែកថ្នាំម្នាក់នេះ គេពុំទាន់ប្រាប់ពីឈ្មោះពិតប្រាកដទេ ។ ប៉ុន្តែគេគ្រាន់តែផ្ដល់ព័ត៌មានបឋមថា ជននេះរស់នៅភូមិ សង្កាត់កើតហេតុ ជាមុខសញ្ញាប្រើប្រាសគ្រឿងញៀនជាប្រចាំ រហូតបែកថ្នាំស្ទើរឆ្គូតទៅហើយ សូម្បីអាណាព្យាបាលរបស់ខ្លួន ក៏ជននេះគំរាមសម្លាប់ដែរ ។
ប្រភពព័ត៌មានដែលបានរាយការណ៍នៅថ្ងៃកើតហេតុ ឃាតករដៃឆៅរូបនេះ បានជិះកង់ដោយមានកាំបិតជាប់ខ្លួនផង ស្លៀកខៅពណ៌ខ្មៅ ពាក់អាវពណ៌ក្រហម ។ ដំបូងជននេះ បានប៉ុនប៉ងផ្ដាច់ជីវិតមនុស្ស០២នាក់នៅក្នុងភូមិ គឺជាស្ត្រីម្នាក់ និងកុមារាម្នាក់ មុនពេលកាប់សម្លាប់ស្ត្រីវ័យ៧៧ឆ្នាំ ដែលជាជនទី០៣ ពេលគាត់កំពុងដើរតាមផ្លូវ ។គេនិយាយថា ជនបែកថ្នាំនេះមានចរិតកាចសាហាវគូរឲ្យខ្លាច ។
ជុំវិញវត្តមានឃាតករបែកថ្នាំ កំពុងបាត់ដាននៅតំបន់ជួរ«ភ្នំតាគ្រាម» ក្នុងឃុំតាគ្រាម ស្រុកបាណន់ នេះបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពនៅក្នុងមូលដ្ឋាន ។ អ្នកភូមិមួយខ្លះបានបង្ហាញក្ដីបារម្ភនេះប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី ១០ កក្កដា ថា ប្រជាពលរដ្ឋដែលរស់នៅតំបន់ភ្នំតាគ្រាម ភាគច្រើនធ្វើចម្ការ មានផ្ទះនៅដាច់ៗពីគ្នា ។ ក្រោយពីទទូលបាននូវដំណឹងដ៏អាក្រក់នេះ ម្នាក់ៗមានអារម្មណ៍ភ័យខ្លាច ។ អ្នកខ្លះបិទទ្វារផ្ទះ បិទទ្វាររបង និងតាមឃ្លាំងមើលទាំងយប់ទាំងថ្ងៃ ក្រែងប្រទះឃើញភិនភាពជនចម្លែងនោះ បើទោះជាបានឃើញកម្លាំងសមត្ថកិច្ច និងកម្លាំងប្រជាការពារជិះម៉ូតូ ឡាន ខ្វាត់ខ្វែងពាសពេញតាមដងផ្លូវក្ដី ។
យ៉ាងណាក៏ដោយ ពេលនេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កម្លាំងអធិការស្រុកបាណន់ និង កម្លាំងអធិការក្រុងបាត់បាត់ដំបង រួមទាំងកម្លាំងប្រជាការពារក្នុងមូលដ្ខានរាប់សិបនាក់ផង បាននិងកំពុងឡោបព័ទ្ធគ្រប់ច្រកល្ហកនៅតំបន់ភ្នំតាមគ្រាមនៅឡើយ ។ ប៉ុន្តែបាត់មុខមន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ សូម្បីតែម្នាក់ក៏មិនឃើញមានវត្តមានដែរ ចាប់តាំងពីថ្ងៃកើតហេតុរហូតមកដល់ពេលនេះ ។
លោក ឈឿង គឹមសុង ស្នងការរង ដែលដឹកនាំកម្លាំងចុះកិច្ចប្រតិបត្តិការនេះបានបញ្ជាក់ថា កម្លាំងរបស់លោកមិនទាន់ដកថយទេ បើគ្មានបទបញ្ជាពីលោកស្នងការខេត្ត ហើយពេលនេះកំពុងរុករកមុខសញ្ញាជនដៃដល់ស្ទើរគ្រប់ច្រកល្ហកនៅតំបន់នោះនៅឡើយ ។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះជនបែកថ្នាំដ៏កាចសាហាវម្នាក់នេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋប្រទះឃើញភិនភាគជនចម្លែកនេះ សូមរាយការណ៍ទៅកាន់សមត្ថកិច្ចដែលនៅជិតជាបន្ទាន់ ដើម្បីបានសមត្ថកិច្ចចុះអន្តរាគមន៍ជាបន្ទាន់ ៕
Post a Comment