ស្នងការខេត្តព្រះសីហនុ បំភ្លឺករណីនារីជនជាតិឡាវម្នាក់ ដែលព្យាយាមទម្លាក់ខ្លួនតាមខ្សែពួរ លោតពីលើអគារ
ខេត្តព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធករណីនារីជនជាតិឡាវម្នាក់ ព្យាយាមរត់ចេញពីផ្ទះសំណាក់ទម្លាក់ខ្លួនតាមខ្សែពួរ យ៉ាងដូច្នេះថា ៖ កាលពីវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ មានករណីស្ត្រីជនបរទេសម្នាក់ ប៉ុនប៉ងលោតពីលើអគារផ្ទះសំណាក់ យីហោ អូរ៉េងយ៉ា ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ត្រូវបានកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានជួយសង្គ្រោះស្ត្រីខាងលើ ដែលជាជនបរទេសនោះទាន់ពេលវេលាដោយសុវត្ថិភាព មិនមានការរងរបួសអ្វីទេ ។
សេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអោយដឹងបន្តថា ជនបរទេសនោះឈ្មោះ DOUANGMALA PIK ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិឡាវ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះសំណាក់ យីហោ អូរ៉េងយ៉ា ស្ថិតនៅក្រុមទី១៥ ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាន់លិខិតឆ្លងដែនស្របច្បាប់ ។
តាមការសួរនាំ និងស្រាវជ្រាវ គឺឈ្មោះ DOUANGMALA PIK ប៉ុនប៉ងលោតពីលើអគារ គឺដោយសារខ្លួនមានជំងឺបាក់ទឹកចិត្ត ហើយគាត់បានប្រើថ្នាំរំងាប់អារម្មណ៍ ច្រើនហួសកំរិត ទើបធ្វើឱ្យគាត់បាត់បង់ស្មារតី បាត់បង់សតិ គ្រប់គ្រងខ្លួនឯងមិនបាន គឺបានឡើងលើបង្អួចបន្ទប់របស់ខ្លួន លេខ៨៧០៣ ជាន់ទី៧ ចុះតាមខ្សែទុយោម៉ាស៊ីត្រជាក់ លោតចុះទើរលើដំបូលផ្ទះប្រជាពលរដ្ឋ ហើយខ្លួនបានបញ្ជាក់ថា គាត់ពុំមានបំណងចង់លេបថ្នាំ និងចង់ប៉ុនប៉ងលោតពីលើអគារសម្លាប់ខ្លួនទេនោះទេ ដោយសារខ្លួនបាត់បង់ស្មាតី គ្រប់គ្រងខ្លួនឯងពុំបាន ។
ក្រោយពីធ្វើការសាកសួររួច សមត្ថកិច្ចបានធ្វើតេស្តស្វែករកសារធាតុញៀន លើស្ត្រីខាងលើ បានរកឃើញវិជ្ជមានសារធាតុញៀន បច្ចុប្បន្នសមត្ថកិច្ច កំពុងបន្តនីតិវិធី ។
បើតាមសេចក្តីរាយការណ៍ចុងក្រោយបានឱ្យដឹងថា ប្រជាពលរដ្ឋឃើញស្ត្រីម្នាក់ ព្យាយាមរត់ចេញតាមបង្អួចផ្ទះសំណាក (អូនរីយ៉ា) នៅជាន់ទី៧ ដោយតោងខ្សែពួរយោងទម្លាក់ខ្លួនចុះមកក្រោម នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅចំណុចក្បែររង្វង់មូលត្រីដូហ្វីន ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា ដោយសារតែខ្សែពួរ ដែលនារីរងគ្រោះបានប្រើប្រាស់ក្នុងការសម្រូតយោងខ្លួនចុះមកក្រោមខ្លី មកទើត្រឹមដំបូលរោងបាយនៃជាន់ទី១ កម្ពស់ប្រមាណ៧ម៉ែត្រពីដី មិនអាចឲ្យនារីរងគ្រោះចុះមកក្រោមបាន ក៏តោងយោងខ្លួននៅទីនោះ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម អាជ្ញាធរ និងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានជួយអន្តរាគមន៍ ដោយប្រើមធ្យោបាយ យករថយន្តដងសន្ចូចដែលមានកន្ក្រក ដើម្បីជួយសង្គ្រោះស្ត្រីជនជាតិឡាវខាងលើ ចុះមកក្រោមវិញដោយសុវត្ថិភាព ។
ជុំវិញមូលហេតុ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា មិនមានករណីចាប់បង្ខាំងមនុស្សខុសច្បាប់នោះទេ គឺនារីរងគ្រោះមានសតិមិនល្អ អាចបណ្តាលមកពីការប្រើប្រាស់សារធាតុអ្វីមួយលើសកម្រិត
(បែកថ្នាំ) ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែសាកសួរបន្ថែម មុននឹងប្រគល់ទៅខាងការិយាលយ័នគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕
Post a Comment