អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ករណីឆេះឃ្លាំងស្តុកគ្រាប់​ ក្នុងទីបញ្ជាការយោធភូមិភាគទី៣ នៃខេត្តកំពង់ស្ពឺ​ សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានហើយ - Read News TV

ករណីឆេះឃ្លាំងស្តុកគ្រាប់​ ក្នុងទីបញ្ជាការយោធភូមិភាគទី៣ នៃខេត្តកំពង់ស្ពឺ​ សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានហើយ

កំពង់ស្ពឺ៖​ ករណីឆេះឃ្លាំងស្តុកគ្រាប់​ ក្នុងទីបញ្ជាការយោធភូមិភាគទី៣ នៃខេត្តកំពង់ស្ពឺ​ សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានហេីយ​ ដោយសមត្ថកិច្ចជំនាញបានសម្រុកចូល​ ដើម្បីបាញ់ទឹកពន្លត់អគ្គិសភ័យដែលកំពុងតែឆាបឆេះ​ ហើយឈានទៅគ្រប់គ្រងស្ថានការណ៍ឱ្យមានលក្ខណៈប្រក្រតីឡើងវិញ។ នេះបើយោងតាម ពីមន្ត្រីសមត្ថកិច្ចនៅកន្លែងកើតហេតុ។



សមត្ថកិច្ចប្រាប់ក្នុងលក្ខខណ្ឌមិនចេញឈ្មោះ​ បានឱ្យដឹងថា នៅម៉ោងប្រមាណជា​ ៤:៤៤នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ស្នូរគ្រាប់បានស្ងប់ស្ងាត់(លែងផ្ទុះ) សមត្ថកិច្ចជំនាញមាន កម្លាំងអាវុធហត្ថ នគរបាល និងអង្គភាព៧១១ ដែលត្រៀមបង្ការ បានសម្រុកចូលទៅចំណុចទីតាំងឃ្លាំងស្តុកគ្រាប់នោះ​ ដើម្បីធ្វើការបាញ់ទឹកសន្ធាប់ឱ្យភ្លើងរលត់។ ស្រប់ពេលនោះដែរភ្លៀងក៏បានបង្អុរធ្លាក់ហាក់ជួយស្រោចស្រព​ និងបាញ់ពន្លត់ជាមួយសមត្ថកិច្ចផងដែរ ទេីបបានគ្រប់គ្រងស្ថានការណ៍បាន។

ទន្ទឹមនឹងការគ្រប់គ្រងសភាពការណ៍បាន ប្រភពក៏បានបង្ហើបដែរថា មានមន្ត្រីយោធាយ៉ាងតិច​ ២០នាក់​ បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍នោះ ខណៈដែលពួកគេកំពុងរៀបចំទុកដាក់គ្រាប់ដែលចល័តមកពីខេត្តកោះកុង និងប្រជាពលរដ្ឋជិតខាងជាច្រើននាក់​ រួមទាំងកុមារផងដែរ​ បានរងរបួសហើយកំពុងទទួលការសង្គ្រោះពីក្រុមគ្រូពេទ្យ។​ ចំនួនអ្នកស្លាប់នេះដែរ នឹងអាចមានការកើនឡើងបន្ថែមទៀត ខណៈដែលសមត្ថកិច្ចគ្រប់គ្រងសភាពការណ៍បានទាំងស្រុង និងស្រាវជ្រាវបន្ថែមពីអ្នកដែលស្ថិតនៅក្បែរកន្លែងកើតហេតុនោះ។

ឃ្លាំងផ្ទុកគ្រាប់យុទ្ធភណ្ឌក្នុងទីបញ្ជាការយោធភូមិភាគទី៣ ស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​ បានរងការឆាបឆេះ ខណៈគ្រាប់ធុនធំមួយគ្រាប់បានផ្ទុះ​ និងគ្រាប់ធុនតូចជាច្រើនគ្រាប់ផ្សេងទៀតបានផ្ទុះបន្តបន្ទាប់ ដែលហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅម៉ោងប្រមាណជា​ ២:៣០នាទី រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤៕






Theme images by Radius Images. Powered by Blogger.