មនុស្សមួយគ្រួសារយកត្រីកំពតមកធ្វើម្ហូបដើម្បីបរិភោគបណ្តាលឱ្យពុលត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋចំនួន ៥នាក់ ក្នុងគ្រួសារតែមួយ ត្រូវបានគេបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ បន្ទាប់ពីពួកគាត់មានអាការៈមិនស្រួលខ្លាំង ក្រោយពីបានហូបត្រីក្រពត។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ប្រជាពលរដ្ឋទាំង៥នាក់ ដែលគេសង្ស័យថា ពុលត្រីក្រពតនេះ ១,ឈ្មោះ ហ៊ុន ចន្ថា ភេទប្រុស អាយុ ៥៧ ឆ្នាំ ជាមេភូមិដំបូកកកោះ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ២,ឈ្មោះ តុប អ៊ីន ភេទស្រី អាយុ៥៦ឆ្នាំ ត្រូវជាប្រពន្ធ។ ៣, ឈ្មោះ ហ៊ុន ចាន់ធីម ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាកូន ។ ៤,ឈ្មោះ ហ៊ុន ចាន់ធឿន ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាកូន។ ៥,ឈ្មោះ ចន្ថា ដាណែត ភេទស្រី អាយុ១១ឆ្នាំ ត្រូវជាចៅ។ប្រភពខាងលើបានឲ្យដឹងទៀតថា កាលពីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ស្រ្តីឈ្មោះ
ហ៊ុន ចន្ថា និងប្រពន្ធ បានទៅទិញត្រីក្រពត ចំនួន១,៥គីឡូក្រាម នៅតូបលក់ត្រីមួយកន្លែង នៅផ្សារលើ ខេត្តកំពង់ឆ្នាំង និងបានទិញបន្លែនៅតូបលក់បន្លែមួយផ្សេងទៀត ដែលស្ថិតនៅក្បែរនោះ យកមកធ្វើម្ហូបសម្រាប់ពេល្ងាច ដែលមានសមាជិកគ្រួសារ ចំនួន១០នាក់។
ប្រភពបញ្ជាក់ថា បន្ទាប់ពីហូបត្រីក្រពត រយៈពេលជាង១ម៉ោងក្រោយមក សមាជិកគ្រួសារជនរងគ្រោះ ៥នាក់ ក្នុងចំណោម១០នាក់ បានចាប់ផ្តើមមានអាការៈមិនស្រួល ដូចជាស្ពឹកមាត់ ត្រជាក់ដៃ ត្រជាក់ជើង ឈឺក្បាលវិលមុខតែម្តង។ បច្ចុប្បន្នជនរងគ្រោះបាន ធូរស្រាលបន្តិចហើយ និងកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
Post a Comment