អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! មិនធម្មតាមែន! ឡើងកាន់តំណែងភ្លាម លោកអភិបាលខេត្ត បញ្ជាឱ្យទម្លាក់ផ្ទាំងប៉ាណូស្រាបៀរ តាមដងផ្លូវសាធារណៈទាំងអស់ក្នុងខេត្តតាកែវ - Read News TV

មិនធម្មតាមែន! ឡើងកាន់តំណែងភ្លាម លោកអភិបាលខេត្ត បញ្ជាឱ្យទម្លាក់ផ្ទាំងប៉ាណូស្រាបៀរ តាមដងផ្លូវសាធារណៈទាំងអស់ក្នុងខេត្តតាកែវ

តាកែវ៖ អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានណែនាំដល់ មន្ទីរជំនាញពាក់ព័ន្ធ ឱ្យគ្រប់បណ្ដាក្រុមហ៊ុនស្រាបៀរទាំងអស់ ត្រូវទម្លាក់ផ្ទាំងប៉ាណូ ផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ តាមដងផ្លូវសាធារណៈ ចោលទាំងអស់ នៅទូទាំងខេត្តតាកែវ ដោយឱ្យលើកស្លាកប៉ាណូណាប្រើប្រាស់ខ្លឹមសារអប់រំល្អៗ ឬជាភេសជ្ជៈជំនួសវិញ ដើម្បីលើកស្ទួយមុខមាត់ខេត្ត។

ការណែនាំរបស់ ឯកឧត្តម វី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីឯកឧត្តម អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំរដ្ឋបាលសាលាខេត្ត ដោយមានការចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលក្រុងស្រុកទាំង១០ លោកអធិការក្រុងស្រុក លោកមេបញ្ជាការក្រុងស្រុក រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។


គួរំលឹកដែរថា ឯកឧត្តម វ៉ី សំណាង ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តតាកែវថ្មី ក្រោមអធិបតីភាពរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តតាកែវថ្មីរូបនេះ ក៏បានប្ដេជ្ញាចិត្តជំរុញការផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព និង គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការប្រយុទ្ធប្រឆាំងគ្រឿងញៀន កាត់បន្ថយគ្រោះថ្នាកក់ចរាចរណ៍ ការកៀរគរអ្នកវិនិយោគអភិវឌ្ឍន៍ខេត្ត ការងារសប្បុរសធម៌ កសាងរៀបចំហេដ្ឋារចនាសម្ព័ន្ធខេត្ត និងការគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល និងគោរពរដ្ឋធម្មនុញ្ញ ជាតិ សាសនា និងព្រះមហាក្សត្រ៕









Theme images by Radius Images. Powered by Blogger.