អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សម្តេចធិបតី ហ៊ុន ម៉ាណែត មានក្តីរន្ធត់ក្តុកក្តួលឥតឧបមាឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ - Read News TV

សម្តេចធិបតី ហ៊ុន ម៉ាណែត មានក្តីរន្ធត់ក្តុកក្តួលឥតឧបមាឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ បន្ទាប់ពីមានករណី ឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន ២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តមរីកម្ពុជា មានក្តីរន្ធត់ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ។ ខ្ញុំបានផ្តល់ការណែនាំដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដើម្បីចាត់ចែងជាបន្ទាន់រៀបចំពិធីបុណ្យសពជូនយោធិនដែលបានពលីក្នុងឧបទ្ទវហេតុនេះ ឱ្យបានសមរម្យស័ក្តិសមនឹងពលិកម្មរបស់ពួកគាត់ចំពោះជាតិ និងមាតុភូមិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា នឹងធ្វើជាតំណាងរបស់ខ្ញុំដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល នឹងទទួលរ៉ាប់រងទាំងស្រុង លើការចំណាយរៀបចំពិធីបុណ្យសពនេះ។ ជាមួយគ្នានេះ សម្តេចសូមផ្តល់ការឧបត្ថម្ភជាថវិកាជូនគ្រួសារយោធិនពលី ចំនួន ២ ម៉ឺនដុល្លារ ក្នុងមួយគ្រួសារសព ហើយចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន ២០លានរៀល។
សម្តេចធិបតី សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់យោធិនពលី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងក៏សូមជូនពរយោធិន​ និងជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បេីយ។

យោងតាមរបាយការណ៍ដែលអង្គភាពយើងទទួលបានប្រភេទគ្រាប់សរុប ១៣២.៩៣៩ កម្លាំងដែលនៅកន្លែងកើតហេតុមានចំនួន២០នាក់ កម្លាំងសឹករងកោះកុង១៥នាក់ភូមិភាគ៣ ប្រាំនាក់
ប្រភេទគ្រាប់ក្នុងនោះរួមមាន គ្រាប់k 53 ចំនួន ១០៩៨៣៩
-គ្រាប់ 12.7 mr ចំនួន៧.៦៧០  -គ្រាប់បែកដៃ RG -4ចំនួន៥០  -គ្រាប់ 41 ចំនួន៦៨៦  -គ្រាប់ 23 mm ចំនួន២.០៦៤  
-គ្រាប់B 40ចំនួន 285  -គ្រាប់បែកដៃRGD-5ចំនួន៩៦២ -គ្រាប់បែកដៃF-1ចំនួន៥៥ -គ្រាប់ CT-57ចំនួន57  -គ្រាប់ 14m mចំនួន 521  -គ្រាប់ត្បាល់C 60 ចំនួន 40 គ្រាប់  -ត្បាល់C 82 ចំនួន 23 -គ្រាប់DKZ 75ចំនួន 44 -គ្រាប់DKZ 82 ចំនួន 941 -មីនលេខបូក(PMN2)ចំនួន 9.594 -គ្រាប់M79 ចំនួន 72 -គ្រាប់P 89 ចំនួន 06 -មីនគោកចំនួន ០1-គ្រាប់ឡង់ចំនួន 27 -គ្រាប់បែកM73ចំនួន 01 -មីនលេខបូក PMN ចំនួន01

សូមរំលឹកថា កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៤និង១៥នាទី មានករណីភ្លើងឆេះ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ប្រជាពលរដ្ឋបានឮសំឡេងផ្ទុះដ៏កក្រើកចេញពីបន្ទាយយោធភូមិភាគទី 3 ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចដឹកនាំដោយលោកអភិបាលខេត្តកំពង់ស្ពឺបានចុះអន្តរាគមន៍ដោយប្រើរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង។ សមត្ថកិច្ចនគរបាលក្រុងច្បារមនបានបញ្ជាក់ថា
ករណីខាងលើនេះបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្ស ស្លាប់ចំនួន ២០ នាក់ និងខូចខាតអគារចំនួន ០៩ ខ្នង , រថយន្តចំនួន ០២គ្រឿង,ផ្ទះប្រជាពលរដ្ឋចំនួន ២៥ ខ្នង ។

ក្នុងកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១៤ គ្រឿង របស់នាយកដ្ឋានបង្ការនិងពន្លត់អគ្គីភ័យចំនួន ០៣ គ្រឿង,ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ០១ គ្រឿង, អធិការដ្ឋាននគរបាលក្រុងច្បារមន ០១ គ្រឿង, អធិការស្រុកសំរោងទង ០១គ្រឿង, កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ០២ គ្រឿង,កងប្រតិបត្តិការរុករកនិងសង្រ្គោះមហន្តរាយ៧១១ ចនួន ០៦ គ្រឿង,រថយន្តសង្គ្រោះចំនួន ០៤ គ្រឿង ហើយប្រើប្រាស់កម្លាំងសរុប ២៥៤នាក់ ស្រី ០៩ នាក់(កម្លាំងនគរបាល ១១៣ នាក់ ស្រី០១ ,អាវុធហត្ថ ១១០នាក់,កម្លាំង៧១១ ចំនួន ២៥នាក់ ស្រី ០៨ នាក់,កម្លាំងពេទ្យ ០៦ នាក់) ប្រើប្រាស់អស់ទឹក ១៥ឡាន ៕

Theme images by Radius Images. Powered by Blogger.