អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! អារ៉ាប់​រួម​ចេញ​មុខ​បដិសេធ​ថា​ករណី​ខ្យល់​ព្យុះ​ និង​គ្រោះ​ទឹក​ជំនន់​មិន​មែន​បណ្ដាល​មក​ពី​ការ​បណ្ដុះ​ពពក​ដើម្បី​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​សិប្ប​និម្មិត​ទេ​ - Read News TV

អារ៉ាប់​រួម​ចេញ​មុខ​បដិសេធ​ថា​ករណី​ខ្យល់​ព្យុះ​ និង​គ្រោះ​ទឹក​ជំនន់​មិន​មែន​បណ្ដាល​មក​ពី​ការ​បណ្ដុះ​ពពក​ដើម្បី​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​សិប្ប​និម្មិត​ទេ​

ទីក្រុង​ឌុយ​បៃ៖ អារ៉ាប់​រួម​ចេញ​មុខ​បដិសេធ​ថា​ករណី​ខ្យល់​ព្យុះ​ និង​គ្រោះ​ទឹក​ជំនន់​មិន​មែន​បណ្ដាល​មក​ពី​ការ​បណ្ដុះ​ពពក​ដើម្បី​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​សិប្ប​និម្មិត​ទេ​។ ដូច្នេះ រដ្ឋាភិបាល​សូម​​បញ្ជាក់​​ថា​នោះ​​ជា​ពាក្យ​ចចាម​អារ៉ាម​តែ​ប៉ុណ្ណោះ​។ ជាក់​ស្ដែង​ ប្រទេស​អូម៉ង់​មាន​អ្នក​ណា​បាញ់​ជាតិ​គីមី​ទៅ​លើ​អាកាស​ដើម្បី​បង្កើត​ភ្លៀង​សិប្ប​និម្មិត​ម៉េច​ក៏​អូម៉ង់​មាន​ខ្យល់​ព្យុះ និង​ភ្លៀង​ធ្លាក់​ខ្លាំង​ដែរ​? ដូច្នេះ​សូម​បង​ប្អូន​កុំ​​ជឿ​តាម​ការ​បង្កើត​ព្រឹត្តិ​ការណ៍​បោក​ (hoax) ដើម្បី​បាន​ចំនួន​ចូល​មើល​នៅ​លើ​បណ្ដាញ​សង្គម​របស់​គេ​។

​ប្រទេស​អារ៉ាប់​រួម​នៅ​ពេល​នេះ​នៅ​តែមាន​ទឹក​ជំនន់​ដក់​ជាប់​នៅ​លើ​ទី​តាំង​សំខាន់​ៗ​មិន​ទាន់​ស្រក​ទៅ​វិញ​អស់​នៅ​​ឡើយ​ទេ​។ ជា​ពិសេស នៅ​ទី​ក្រុង​ឌុយ​បៃ (Dubai), ​នៅ​តាម​ព្រលាន​យន្ត​ហោះ​ និង​នៅ​តាម​​ដង​វិថី​សំខាន់​ៗ​នៃ​ទី​ក្រុង​ឌុយបៃ​​មិន​ទាន់​​អាច​ដំណើរ​ការ​ឡើង​វិញ​​​ដោយ​រលូន​​ទេ​។ អ្នក​ខ្លះ​ចេះ​តែ​នាំ​គ្នា​​រិះ​គន់​ថា​មក​ពី​អាជ្ញា​ធរ​​បង្កើត​ភ្លៀង​សិប្ប​និម្មិត​​ ​(Cloud Seeding)។​

​អ្នក​គ្រប់​គ្រង​​ព្រលាន​យន្ត​ហោះ​​​ទី​ក្រុង​ឌុយបៃ​​​​ចាប់​ផ្ដើម​ទទួល​យន្ត​ហោះ​ពី​ខាង​ក្រៅ​ឱ្យ​ចុះ​ចត​​។ ប៉ុន្តែ​​ជើង​ហោះ​ហើរ​​រាង​រអាក់​រអួល​បន្តិច​​​ដោយ​សារ​​មាន​ទឹក​ដក់​នៅ​តាម​ថ្លុក​។ តាំង​ពី​ថ្ងៃ​អាទិត្យ​មក​ម៉្លេះ ខ្យល់​ព្យុះ​​ចាប់​ផ្ដើម​បោក​បក់​ទៅ​លើ​ប្រទេស​អូម៉ង់​ (Oman) ដែលស្ថិត​នៅ​ជាប់​នឹង​ប្រទេស​អារ៉ាប់​រួម​។ នេះ​ស​បញ្ជាក់​​​​ឱ្យ​ឃើញ​ថា​ករណី​ប្រទេស​អារ៉ាប់​រួម​ទទួល​រង​ខ្យល់​ព្យុះ ហើយ​ក្រោយ​មក​មាន​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​ និង​ជំនន់​ទឹក​ភ្លៀង​នោះ​គឺ​ដោយ​សារ​កត្តា​ធម្ម​ជាតិ​។

​ដូច្នេះ​ ករណី​​​អាជ្ញាធរ​អាច​នឹង​ប្រើ​ប្រាស់​វិធី​បង្កើត​ភ្លៀង​សិប្ប​និម្មិត​ ឬ​យ៉ាង​ណា​​​វា​គ្រាន់​តែ​ជា​​ភាព​​ចៃដន្យ​តែ​ប៉ុណ្ណោះ​។​ វា​មិន​ខុស​ពី​សុភាសិត​មួយ​ដែល​និយាយ​ថា «​ទោះ​បី​មាន់​មិន​រងាវ​ក៏​ថ្ងៃ​នៅ​តែ​រះ»​។ មាន​ន័យ​ថា​ព្រឹត្តិ​ការណ៍​ទាំង​ពី​រ​នេះ​​គ្មាន​ទំនាក់​ទំនង​គ្នា​ទេ​។ បើ​ទុក​ជា​មាន​ភ្លៀង​សិប្ប​និម្មិត​ក៏​មិន​ដល់​ថ្នាក់​ជន់​លិច​ទី​ក្រុង​យ៉ាង​ល្ហាច​ល្ហឹម​បែប​នេះ​ដែរ​។​ ជាក់ស្ដែង​ អាជ្ញាធរ​អះ​អាង​ថា​នេះជា​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល​៧៥​ឆ្នាំ​ចុង​ក្រោយ​។

ចំណុច​មួយ​ទៀត​ អាជ្ញា​ធរ​បញ្ជាក់​ថា​ខ្លួន​មិន​បាន​បាច​ម្សៅ​គីមី​ទៅ​លើ​អាកាស​ដើម្បី​បង្កើត​ភ្លៀង​សិប្ប​និម្មិត​នៅ​មុន​ ឬ​អំឡុង​ពេល​មាន​ខ្យល់​ព្យុះ​ និង​ភ្លៀង​ធ្លាក់​ខ្លាំង​នោះ​ទេ​។​ ​​​​ដង​​វិថី និង​ផ្ទះ​របស់​អ្នក​ស្រុក​ជា​ច្រើន​កន្លែង​ត្រូវ​ជន់​លិច​ដោយ​គ្រោះ​ទឹក​ជំនន់​លើក​នេះ​​។ ​អាជ្ញាធរ​​ប្រកាស​ប្រាប់​អ្នក​ធ្វើ​ការ​នៅ​តាម​មន្ទីរ-​ក្រសួង​នានា និង​សិស្ស​ និស្សិត​​សូម​​ស្នាក់​នៅ​ក្នុង​ផ្ទះ​ជា​បណ្ដោះ​អាសន្ន។ បើ​មិន​អីចឹង​ទេ​ ​ពួក​គេ​​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នៅ​ពេល​ធ្វើ​ដំណើរ​​​។

​ក្រុម​អ្នក​ជំនាញ​យល់​ថាការ​​ធ្លាក់​​ភ្លៀង​ខ្លាំង​​ខុស​ពី​ធម្ម​តា​នេះ​បណ្ដាល​មក​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ និង​ការ​ឡើង​កម្ដៅ​ខ្លាំង​នៅ​លើ​ភព​ផែន​ដី​​​។ ​ជាក់​ស្ដែង​ មិន​មែន​តែ​អារ៉ាប់​រួម​ទេ សូម្បី​តែ​នៅ​ប្រទេស​ប៉ាគីស្ថាន​ក៏​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​រន្ទះ​បាញ់​ខែ​ចេត្រ​​សម្លាប់​មនុស្ស​រាប់​សិប​នាក់​កាល​ពី​ថ្ងៃ​ទី​១២-​១៤​ ខែ​មេសា​កន្លង​ទៅ​នេះ​។ ​កាល​ណា​​​​ធម្ម​ជាតិ​ប្រែ​ប្រួលដូច្នេះ​នៅ​ពេល​មាន​​ភ្លៀង​ធ្លាក់​គឺ​ធ្លាក់​ខ្លាំង​ដូច​គេ​ហែក​មេឃ​។ ដល់​ពេល​ខែ​ប្រាំង​រីង​ស្ងួត​ហួត​ហែង​ខ្លាំង​រហូត​ដល់​ដី​ប្រេះ​បែក​ក្រហែង​តែ​ម្ដង​។​

​ក្រុម​អ្នក​​វិទ្យា​សាស្ត្រ​​​គិត​ថា​អាកាស​ធាតុ​ប្រែ​ប្រួល​នឹង​ធ្វើ​ឱ្យ​សីតុណ្ហ​ភាព​ហក់​ឡើង​ខ្ពស់​​, ធ្វើ​ឱ្យ​មាន​សំណើម​ខ្លាំង​នៅ​ក្នុង​បរិយា​កាស​ ​និង​ធ្វើ​ឱ្យ​​កើត​មាន​គ្រោះ​ទឹក​ជំនន់​កាន់​តែ​ខ្លាំង​នៅ​តំបន់​ឈូង​សមុទ្រ​។ ​សម្រាប់​ប្រទេស​ខ្លះ​ដូច​ជា​​អារ៉ាប់​រួម​ជា​ដើម​នឹង​ជួប​ប្រទះ​នឹង​បញ្ហា​ទឹក​ជំនន់​កាន់​តែ​អាក្រក់​ដោយ​សារ​គ្មាន​ប្រព័ន្ធ​រំដោះ​ទឹក​​។ ​​បន្ទាប់​​ពី​មាន​ពាក្យ​ចចាម​អារ៉ាម​ និង​ការ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ថា​គ្រោះ​ទឹក​ជំនន់​​នេះ​បណ្ដាល​មក​ពី​ការ​បង្កើត​ភ្លៀង​សិប្ប​និម្មិត​ ​រដ្ឋាភិបាល​អារ៉ាប់​រួម​​​ចេញ​មុខ​បដិសេធ​។

អាជ្ញាធរ​ទទួល​បន្ទុក​ខាង​បង្កើត​ភ្លៀង​សិប្បនិម្មិត​​​ថ្លែង​ថា​ខ្លួន​មិន​ទាន់​ចេញ​យុទ្ធ​នា​ការ​បង្កើត​​​ភ្លៀង​សិប្ប​និម្មិត​ផង​ស្រាប់​តែ​​មាន​ខ្យល់​ព្យុះ​បក់​បោក​តែ​ម្ដង​។ ក្រោយ​មក​ មាន​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​ធ្លាក់​មក​យ៉ាង​ជោគ​ជាំ​ដី​​។​ ប្រធានា​ធិបតី​អារ៉ាប់​រួម​បាន​ចេញ​សេចក្ដី​​ប្រកាស​មួយ​អំពាវ​នាវ​ឱ្យ​មន្ត្រី​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ប្រញាប់​វាយ​តម្លៃ​សភាព​ការណ៍​​ និង​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី​ និង​ផ្លូវ​ចិត្ត​ចំពោះ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​​​​ខ្យល់​ព្យុះ និង​គ្រោះ​ទឹក​ជំនន់​លើក​នេះ​៕








Theme images by Radius Images. Powered by Blogger.