អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! អ៊ីរ៉ង់អះអាងថាបានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន៣គ្រឿងនៅលើដែនអាកាសរបស់ខ្លួន - Read News TV

អ៊ីរ៉ង់អះអាងថាបានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន៣គ្រឿងនៅលើដែនអាកាសរបស់ខ្លួន

អ៊ីរ៉ង់៖ ជុំវិញស្ថានការណ៍តានតឹងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង នៅថ្ងៃសុក្រម្សិលមិញ សហរដ្ឋអាម៉រិកបានបញ្ចេញរបាយការណ៍ដោយបញ្ជាក់អំពីការចាប់ផ្តើមនូវសកម្មភាពវាយប្រហារសងសឹករបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់ដែលបានកើតឡើងទៅលើទីក្រុងអ៊ីស្វាហាន់ (Isfahan) ខណៈប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ទើបបានអះអាងថា យោធាអ៊ីរ៉ង់បានធើ្វការបាញ់ទម្លាក់យន្តហោះដ្រូនចំនួន៣គ្រឿងដែលហោះចូលមកក្នុងដែនអាកាសពីលើទីក្រុងអ៊ីស្វាហាន់ ជាតំបន់បន្ទាយកងទ័ពអាកាសដ៏សំខាន់មួយរបស់អ៊ីរ៉ង់មានចម្ងាយប្រមាណជាង ២០០គីឡូម៉ែត្រពីរដ្ឋធានីតេហ៍រ៉ង់។

ប្រភពពីសារព័ត៌មានក្នុងស្រុករបស់អ៊ីរ៉ង់បានឱ្យដឹងជាបន្តថា គេបានលឺសម្លេងបំផ្ទុះកើតឡើងនៅក្នុងទីក្រុងអ៊ីស្វាហាន់ដែលទំនងជាការវាយប្រហាររបស់ដ្រូន ដោយញ៉ាំងឱ្យប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់នៅក្នុងតំបន់ចាប់ផ្តើមប្រតិបត្តិការបាញ់ទម្លាក់យន្តហោះដ្រូនទាំងនោះ ស្របពេលដែលជើងហោះហើរភាគច្រើននៅក្នុងប្រទេស ត្រូវពន្យាពេលជាបណ្តោះអាសន្នផងដែរ។

យ៉ាងណាមិញ ស្ថានការណ៍នេះបានវិលត្រឡប់ទៅរកសភាពប្រក្រតីឡើងវិញនៅក្នុងរយៈពេលប្រមាណជា ៤ម៉ោង បន្ទាប់ពីមានការរាយការណ៍អំពីករណីបំផ្ទុះកើតឡើងនៅក្នុងទីក្រុងអ៊ីស្វាហាន់ ខណៈមិនទាន់មានរបាយការណ៍អំពីមនុស្សស្លាប់និងរបួសណាមួយនៅឡើយទេ។

មន្ត្រីមេបញ្ជាយោធាកំពូលរបស់អ៊ីរ៉ង់នៅក្នុងទីក្រុងអ៊ីស្វាហាន់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់បានធើ្វការបាញ់ទម្លាក់ "វត្ថុដែលគួរឱ្យសង្ស័យនៅលើមេឃ" សរុបចំនួន៣គ្រឿង ខណៈភាគីយោធាអ៊ីរ៉ង់ខ្លួនឯងមិនទទួលរងការខូចខាតណាមួយទេ។ ការលើកឡើងរបស់លោក ធើ្វឡើងនៅប៉ុន្មានម៉ោងបន្ទាប់ពីសារព័ត៌មាន ABC News និង CBS News បានរាយការណ៍ដោយដកស្រង់ប្រភពក្រៅផ្លូវការមួយចំនួន អំពីការចាប់ផ្តើមនូវប្រតិបត្តិការយោធារបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់ដើម្បីសងសឹកចំពោះការវាយប្រហារតាមអាកាសដោយគ្រាប់មីស៊ីលនិងដ្រូនជាង៣០០គ្រឿងរបស់រដ្ឋាភិបាលក្រុងតេហ៍រ៉ង់ទៅលើប្រទេសអ៊ីស្រាអែលកាលពីពេលថ្មីៗកន្លងទៅ៕





Theme images by Radius Images. Powered by Blogger.