អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ប័ណ្ណសរសើរ និងរង្វាន់ជូនដល់រដ្ឋបាលខេត្តទាំង ៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ - Read News TV

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ប័ណ្ណសរសើរ និងរង្វាន់ជូនដល់រដ្ឋបាលខេត្តទាំង ៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ

ភ្នំពេញ៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជូនបណ្ណសរសើរ និងថវិកា ជូនដល់ថ្នាក់ដឹកនាំខេត្តចំនួន៦ ដែលបានដឹកនាំគ្រប់គ្រងសុវត្តិភាពពិសេសមិនមានគរោះថ្នាក់ចរាចរណ៍ ក្នុងឱកាសនៃការប្រារព្វពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ រយៈពេល៤ថ្ងៃកន្លងទៅថ្មីៗនេះ នៅវិមានសន្ដិភាព។

ខេត្តទាំង៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសនៃការប្រារព្វពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ រយៈពេល ៤ ថ្ងៃពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ រួមមានខេត្ត ប៉ៃលិន ខេត្តកោះកុង ខេត្តត្បូងឃ្មុំ ខេត្តមណ្ឌលគីរី ខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែង។ 

ខេត្តនីមួយៗទទួលបានបណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន១សន្លឹក ថវិកា២០០លានរៀន និងភេសជ្ជៈ១ពាន់កេស។ បណ្ណសរសើររបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនខេត្តទាំង៦ មានអត្ថន័យដូចគ្នាថា បណ្ណសរសើរ រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះរដ្ឋបបាលខេត្ត ដែលមានស្នាដៃ ក្នុងការរក្សាសណ្តាប់ធ្នាប់បានល្អប្រសើរ ដោយពុំមានគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃសៅរ៍ ៥កើត ដល់ថ្ងៃអង្គារ ៨កើត ខែចេត្រ ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ដល់ឆ្នាំទី១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីជាសក្ខីភាព នៃការដឹងគុណរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នូវបណ្ណសរសើរនេះ។ 

បើទោះបីមិនមានការថ្លែងសុន្ទរកថាអ្វី នៅក្នុងពិធីប្រគល់និងទទួលនោះក៏ពិតមែន ប៉ុន្តែសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងខ្លីថា សម្តេចសូមចូលរួមចំណែកនូវការអបអរសាទរអស់ពីដួងចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃខេត្តទាំង៦ ដែលមានស្នាដៃឆ្នើមក្នុងការបំពេញភារកិច្ច រក្សាសណ្តាប់ធ្នាប់ និងបញ្ចៀសបាននូវគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ 

សម្តេចធិបតីបានណែនាំឲ្យថ្នាក់ដឹកនាំខេត្តទាំង៦ ត្រូវការពារខ្សែក្រវ៉ាត់ដែលបានផ្តល់ជូននោះ សម្រាប់ការរៀបចំដូចគ្នានៅឆ្នាំខាងមុខ។ ថ្នាក់ដឹកនាំខេត្តទាំង៦ បានគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគតិបណ្ឌិតនៃការដឹកនាំប្រកបដោយថាមពល និងកម្លាំងខ្លាំងក្លារបស់សម្ដេចចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។ 

ថ្នាក់ដឹកនាំទាំងអស់បានចាត់ទុកថា នេះជាស្នាដៃរួមរបស់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ និងការចូលរួមរបស់ប្រជាពលររដ្ឋ និងអ្នកបើកបរគ្រប់រូប ដែលបានគោរពច្បាប់ចរាចរ ការយោគយល់អធ្យាស្រ័យគ្នា ពិសេសការបើកបបរប្រកបដោយការទទួលខុសត្រូវ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដែលជាគោលបំណងសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញនិងបង្កលក្ខណៈបន្ថែមទៀត ដើម្បីការពារអាយុជីវិត និងផលប្រយោជន៍ជូនប្រជាជន ព្រោះថាគ្រោះថ្នាក់ចរាចរណ៍ និងធ្វើឲ្យមានការខាតបងយ៉ាងច្រើនដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ៕










Theme images by Radius Images. Powered by Blogger.