អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សមត្ថកិច្ចនគរបាលបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនជនល្មើស៥នាក់ រឹបអូសថ្នាំញៀនជាង ២០០គីឡូក្រាម នៅខេត្តស្ទឹងត្រែង - Read News TV

សមត្ថកិច្ចនគរបាលបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនជនល្មើស៥នាក់ រឹបអូសថ្នាំញៀនជាង ២០០គីឡូក្រាម នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ អនុវត្តតាមបញ្ជារបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង ។

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១០៖២២នាទី ដោយស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានសហការជាមួយកម្លាំងវរសេនាតូចការពារព្រំដែនគោក៧០១ និងកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុកដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅចំណុចអូរដួង ភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ និងឆែកឆេរនៅចំណុចភូមិក្រោម ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានចាប់ខ្លួនជនល្មើស៥នាក់៖ ១.ឈ្មោះ ដា ទុន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ, ២.ឈ្មោះ ភីត ឃីត ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ, ៣.ឈ្មោះ សោន គាំង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ, ៤.ឈ្មោះ កែវ ដាំមន្នី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ, ៥.ឈ្មោះ សោន ណែត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ។

ចំណែកវត្ថុតាងគ្រឿងញៀន ចាប់យកសរុបទម្ងន់ ២០២ ៦៨២.៩២ក្រាម (២០២គីឡូគីឡូក្រាម និង៦៨២,៩២ក្រាម) ក្នុងនោះរួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៦៩ ៦៩៥.២៦ក្រាម, គ្រឿងញៀនប្រភេទហេរ៉ូអ៉ីន (Heroine) ទម្ងន់ ២០ ៩៩២.៨ក្រាម, គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ១១ ៩៩១.៨៦ក្រាម, ៤.ប្រភេទមេតំហ្វេតាមីន(WY) ទម្ងន់ ០៣ក្រាម, សារធាតុផ្សំ ទម្ងន់សរុប ៣៧ ២១៧.៨៦ក្រាម)។ សម្ភារចាប់យករួមមាន៖ រថយន្តចំនួន១គ្រឿង, ទូរស័ព្ទដៃចំនួន៩គ្រឿង, កាំភ្លើងវែង០២ដើម កាំភ្លើងខ្លី០១ដើម, លុយបាត ៨៨២០០បាត លុយខ្មែរ ១ ៩៥៩ ៥០០រៀល និងលុយដុល្លារ ១ ៥១១ដុល្លារ។

បច្ចុប្បន្នជនល្មើសខាងលើត្រូវបាន កសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាង ទៅសាលាដំបូង ខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី៕





Theme images by Radius Images. Powered by Blogger.