អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកថាជាអំពើថោកទាប ដែល The Cambodia Daily បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសសម្តេច និងគ្រួសារ ករណីការពន្យាពេលចូលនិវត្តន៍របស់មេគយកម្ពុជា - Read News TV

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកថាជាអំពើថោកទាប ដែល The Cambodia Daily បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសសម្តេច និងគ្រួសារ ករណីការពន្យាពេលចូលនិវត្តន៍របស់មេគយកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញប្រតិកម្ម និងចាត់ទុកថា វាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់សម្តេច និងគ្រួសារ។

តាមរយៈបណ្តាញសង្គម សម្តេចធិបតី សរសេរថា “ថ្ងៃនេះ The Cambodia Daily បានសរសេរអត្ថបទមួយចោទប្រកាន់ថាមានការសូកប៉ាន់ពីសំណាក់ ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបានពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៨ ដែលគេចោទថាខុសពីគោលការណ៍របស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី ដែលធ្លាប់លើកឡើងថានឹងអោយ ឯកឧត្តម គុណ ញឹម ចូលនិវត្តន៍ត្រឹមឆ្នាំ២០២៥។

ខ្ញុំសូមបញ្ជាក់ថា ក្នុងនាមជានាយករដ្ឋមន្ត្រីនីតិកាលទី៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់គោលការណ៍ឯកភាពឲ្យឯកឧត្តម គុណ ញឹម អាចពន្យារការចូលនិវត្តន៍រហូតទៅដល់ឆ្នាំ ២០២៨ តាមសំណើរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២២ មកម្ល៉េះ (ឯកសារភ្ជាប់)។

ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលរដ្ឋាភិបាល នីតិកាលទី៧ ខ្ញុំមានសិទ្ធិគ្រប់គ្រាន់ក្នុងការតែងតាំងផ្លាស់ប្ដូរអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគ្រប់ពេលវេលា។ ប៉ុន្តែដោយផ្អែកលើគុណសម្បត្តិរបស់ឯកឧត្តម គុណ ញឹម ដែលជាមន្ត្រីដែលមានបទពិសោធន៍ មានឆន្ទៈនិងមានការខិតខំប្រឹងប្រែង ក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិ ខ្ញុំនឹងបន្តគោលការណ៍អនុញ្ញាតជូនឯកឧត្តម គុណ ញឹម ក្នុងការពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ ២០២៨ បើគ្មានការចាំបាច់ណាមួយក្នុងការកែសម្រួល។

ហេត្តដូច្នេះសូមវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ ឈប់ប្រឌិតរឿងមិនពិតដែលមានចេតនាថោកទាបក្នុងការបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំនិងក្រុមគ្រួសារ។ ជាពិសេសយកឈ្មោះមន្ត្រីដើម្បីជាខែលបិទបាំងនៅអំពើស្មោគគ្រោក និងអសីលធម៌របស់ខ្លួន។

បើសិនជាមានមន្ត្រី នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពិតមែនដែលលើករឿងនេះ ហើយចង់ឱ្យឯកឧត្តម គុណ ញឹម ចូលនិវត្តន៍ឆ្នាំ២០២៥ ដោយហេតុផលណាមួយនោះ សូមកុំដេកស្រម៉ៃ។
ករណីនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ខ្ញុំនៅក្នុងការពិចារណាជ្រើសរើសបេក្ខជន ដើម្បីតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅក្នុងពេលខាងមុខដែរ”៕

Theme images by Radius Images. Powered by Blogger.